Overblog
Edit post Follow this blog Administration + Create my blog

2019-02-26T14:44:15+01:00

ផ្ទាំងជីវិត ពិតមិនដូចផ្ទាំងគំនូរ បើគូរហើយពិបាកលុប ផ្ទាំងជីវិត មិនដូចក្តីស្រមៃ ..........!

Posted by Sonika Sok

អ្វីៗបានត្រឹមជាសុបិន ដែលមិនអាច និង គ្មានថ្ងៃក្លាយជាការពិត ....!

ចង់ចាប់ដៃគេកុំអោយទៅ ចង់ឱបគេអោយជាប់ ចង់ប្រាប់គេថាកុំចាកចេញ តែអ្វីគ្រប់យ៉ាងបានត្រឹមទុកក្នុងចិត្ត ព្រោះដឹងការពិត វាគ្រាន់ជាសុបិន ។

       #ហេតុអ្វីត្រូវលះបង់ ?

       #ហេតុអ្វីត្រូវមានមនុស្សឈឺចាប់ ?

       #តើក្តីស្រលាញ់ពិតជាមិនអាចពន្យល់ និង ពិពណ៌នាបានមែនរឺ ?

នៅពេលយើងស្រលាញ់នរណាម្នាក់តើយើងត្រូវលះបង់ ត្រូវប្រឹងញញឹម បន្តោយអោយគេទៅ ទាំងដែល ក្នុងចិត្តខ្លួនស្ទើរ ស្លាប់ស្ទើរស់បែបនេះ ក៏ព្រោះអ្វីទៅ ...? បើទោះដឹងថាចិត្តស្នេហ៌ តែមិនអាចក្បែរ ដូចនេះជម្រើសល្អបំផុត គឺហុចដៃគេអោយទៅអ្នកទីបី ទាំងដែលក្នុងចិត្តខ្លួនឯងក៏ភ័យ ក៏បារម្ភ ថាតើ ជនទីបី អាចមើលថែរគេបានល្អទេ អាចធ្វើអោយគេញញឹម ចេះលួងគេទេ ពេលគេមិនសប្បាយចិត្ត អាចធ្វើជាធុងសម្រាមសំរាប់គេទេ ពេលគេចង់ទម្លាក់រឿងទុក្ខសោក អាចជាស្មាអោយគេផ្អែកទេ ពេលគេយំ ក្នុងចិត្តទាំងឈឺ ព្រោះដឹងថាត្រូវបាត់បង់ តែក៏ប្រឹងញញឹម ប្រាប់គេថាមិនអី ........

អ្វីគ្រប់យ៉ាងបានត្រឹមលាក់ទុកក្នុងចិត្ត ទាំងឈឺចាប់ ព្រោះថាទីបំផុត អ្វីគ្រប់យ៉ាងបានត្រឹមជាអតីត ដែលខ្ញុំត្រូវកប់ទុកក្នុងចិត្តម្នាក់ឯង ហើយវាក៏ជាសុបិនរយះពេលខ្លីមួយ វាល្មមដល់ពេលដែលត្រូវភ្ញាក់ ។ បើទោះអ្វីៗត្រឹមជាសុបិន តែមិនថាល្អរឺអាក្រក់ ខ្ញុំក៏ត្រូវរក្សាវាទុកអោយល្អ មិនថាខ្ញុំព្យាយាមលុប រឺកប់ វាក៏នៅតែមិនអាចបំភ្លេចបាន នៅពេលវេលាល្អៗដែលយើងមានជាមួយគ្នា ។ យើងចំណាយពេលវេលាល្អៗជាមួយគ្នាជាច្រើន ឆ្លងកាត់រឿងរ៉ាវជូរចត់ តែយើងនៅតែអាចញញឹម និង កាន់ដៃគ្នា តែថ្ងៃនេះ មិនអាចទេ គេបានចាកចេញហើយ គេចាកចេញទាំងសប្បាយចិត្ត រឺឯខ្ញុំបានត្រឹមញញឹម សំលឹងជូនពរគេពីចង្ងាយ ទាំងដែលក្នុងចិត្តខ្លួន ស្ទើរក្លាយជាមនុស្សឆ្កួត ។ បើអាចខ្ញុំចង់ក្លាយជាមនុស្សបាត់ការចងចាំ ខ្ញុំចង់ចាកចេញពីពិភពមួយនេះ បំភ្លេចអ្វីគ្រប់យ៉ាង ។ ខ្ញុំក៏ជាមនុស្ស ខ្ញុំក៏ចេះឈឺ ចេះយំ ចេះកើតទុក្ខ តែដើម្បីការចាកចេញដោយស្នាមញញឹមគេ ខ្ញុំត្រូវបង្ខំចិត្ត ប្រាប់គេថាទៅចុះ ទៅដោយរីករាយ មិនបាច់បារម្ភ ទាំងដែលក្នុងចិត្តខ្ញុំចង់ឱបគេទុកអោយជាប់ ហើយប្រាប់ថាកុំអី កុំទៅអី កុំទុកមនុស្សឯកានេះចោលអី កុំចាកចេញបានទេ ខ្ញុំពិបាកទ្រាំ ខ្ញុំពិបាកទទួលយកណាស់ ខ្ញុំឈឺខ្លាំងណាស់ តែពាក្យទាំងអស់នេះ ប្តូរបានត្រឹមពាក្យ សំណាងល្អ អ្វីដែលធ្វើអោយអ្នកសប្បាយចិត្ត អ្នកធ្វើចុះ ....

គ្រប់យ៉ាងដើម្បីគេគឺត្រូវលះបង់ ហេតុអ្វី ចាកចេញហើយ នៅចង់អោយខ្ញុំជាបងប្អូនល្អ ? តើមានគិតចិត្ត និង អារម្មណ៌ខ្ញុំទេ ? ហេតុអ្វីមិនទុកម្នាក់នេះចោលទៅ ? តើមនុស្សស្រលាញ់គ្នា ពេលបែកគ្នាហើយ អោយធ្វើជាបងប្អូនល្អ ? តើអាចទេអោយគេនិយាយពីអ្នកទីបី មកអោយយើងស្តាប់ ? តើអោយអង្គុយមើលមនុស្សដែលខ្លួនស្រលាញ់ កំពុងមានក្តីសុខជាមួយជនទីបី ? គ្រប់យ៉ាងជាវិធីសាស្រ្តល្អណាស់មែនទេ ដើម្បីបំភ្លេចមនុស្សម្នាក់? សួរថាឈឺទេ ? តែជាចម្លើយ ជាថ្មីម្តងទៀត ក៏ត្រូវធ្វើដើម្បីគេ អោយតែគេ ញញឹម គេរីករាយ ទោះឈឺជាងនេះក៏ព្រម មិនថាយ៉ាងណាក៏ត្រូវព្រម ។ ព្រមប្រាប់គេថាមិនអីទេ ព្រមទទួលស្តាប់ ដឹង លឺគ្រប់យ៉ាង ពីគេ និង ជនទីបី ...។ វាគួរអោយអស់សំណើច ណាស់មែនទេ ? អ្នកណាថាបែកគ្នាហើយ មិនអាចក្លាយជាបងប្អូនល្អ ? សើចទាំងទឹកភ្នែក ញញឹមលាក់អារម្មណ៌ ប្រឹងដើររទាំងឈឺចាប់ តើអាចលាក់បាំងបានដល់ពេលណា ?

See comments

To be informed of the latest articles, subscribe:
comments

Girl Gift Template by Ipietoon - Hosted by Overblog